យូវ៉ាឃេនស៊ី បានរៀបចំសិក្ខាសាលាអនឡាញស្តីពីការត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

Nov 29, 2021 | 12:47 63 views

General Knowledge

កាលពីថ្មីៗកន្លងទៅនេះ  ក្រសួងអប់រំយុវជននិងកីឡាបានធ្វើការប្រកាសស្តីពីការកំណត់ថ្ងៃប្រឡងថ្នាក់ជាតិរបស់សិស្សថ្នាក់ទី១២  ឫការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ដោយកំណត់យកថ្ងៃទី២៧  ខែធ្នូ  ឆ្នាំ២០២១  ជាថ្ងៃប្រឡង។ យូវ៉ាឃេនស៊ីបានរៀបចំសិក្ខាសាលានេះឡើង  និងអញ្ជើញវាគ្មិនបីរូបដែលទទួលបាននិទ្ទេស A និង B កាលពីសម័យប្រឡងមិនត្រឹមតែប៉ុណ្ណោះពួកគាត់សុទ្ធតែជាសិស្សនិស្សិតដែលទទួលបានអាហារូបករណ៌នៅថ្នាក់បរិញ្ញាបត្រថែមទៀតផង  វាគ្មិនទាំងបីនឹងមកធ្វើការចែករំលែកបទពិសោធន៌ដល់សិក្សានុសិស្សក៏ដូចជាប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះធ្វើការត្រៀមខ្លួនក្នុងការប្រឡង  និងស្រាយចម្ងល់មួយចំនួនដែលសិក្សានុសិស្សកំពុងមានផងដែរ។ 

 

កាលពីថ្ងៃទី ២៧  ខែវិច្ឆិកា  ឆ្នាំ២០២១  វេលាម៉ោង  ២:០០  រសៀល  យូវ៉ាឃេនស៊ីបានដំណើរការសិក្ខាសាលាអនឡាញមួយស្តីអំពី  “ការត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។

 

ជាកិច្ចចាប់ផ្តើមនៃអង្គពិធីកញ្ញា  ចាន់  ស្រីពៅ  ទទួលបន្ទុកជាអ្នកសម្របសម្រួលបានធ្វើគាវរកិច្ចក៏ដូចជាបើកក្បាលនៃកម្មវិធីព្រមទាំងធ្វើការកាន់ទុក្ខដល់ប្អូនស្រី ឌឹម អេងជូ ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ដោយប្អូនស្រីត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះផងដែរ។

 

កញ្ញាជ័ង  នីងស៊ាំង  ដែលជាវាគ្មិនទី១ បានចែករំលែកបទពិសោធន៍អំពីការត្រៀមខ្លួនប្រឡងដូចជា ប្អូនៗគួរតែបែងចែកពេលវេលាទន្ទេញមេរៀន និងធ្វើលំហាត់ទៅតាមសមត្ថភាពនៃការចងចាំរបស់ប្អូនៗ។ឧទាហរណ៍ប្អូនៗទន្ទេញមេរៀនឆាប់ចេះចាំស្ទាត់នៅពេលព្រឹក ប្អូនៗគួរគម្បីទន្ទេញមេរៀននៅពេលព្រឹកនិងធ្វើលំហាត់នៅពេលល្ងាច ក្នុងការបែងចែកកាលវិភាគនេះផងដែរប្អូនៗពុំចាំបាច់ចំណាយពេលស្ទើរតែ២៤ម៉ោងមកធ្វើវានោះទេ ប្អូនៗអាចបែងចែកពេលវេលានៃការរៀននិងពេលសម្រាកឱ្យបានល្អពុំដូចច្នោះទេ ការរៀបកាលវិភាគនោះក៏មិនមានប្រសិទ្ធភាពដែរ។ការរៀនធ្វើសំណួរត្រិះរិះនៅក្រោយសៀវភៅពុម្ពគឺជារឿងចាំបាច់ មួយវិញទៀតការរំលឹកមេរៀនត្រួសៗមុនការប្រឡងមួយអាទិត្យ ត្រង់ចំណុចនេះប្អូនៗគ្រាន់តែធ្វើការរំលឹកចំណុចគោលៗដែលមាននៅក្នុងមេរៀន ចំណែកមេរៀនជាលំហាត់ប្អូនៗគ្រាន់តែធ្វើការជំនួសរូបមន្តឬត្រូវមើលឱ្យដឹងថាលំហាត់នោះដោះស្រាយដោយវិធីណាគឺគ្រប់គ្រាន់ហើយ ពុំចាំបាច់ធ្វើការគណនាលេខនាំឱ្យខាតពេលវេលានោះទេ។


កញ្ញា  ហួយ  ទេព រស្មី  ដែលជាវាគ្មិនទី២ បានបន្តថាប្អូនៗគួរគម្បីត្រៀមសម្ភារៈដែលត្រូវប្រើប្រាស់ក្នុងពេលប្រឡងឱ្យបានគ្រប់គ្រាន់ ជាពិសេសប៊ិច និងហាមប្រើទឹកលុប។នៅពេលស្រ្តេសពេលកំពុងប្រឡងអាចញ៉ាំទឹកបន្តិចដើម្បីឱ្យខួរក្បាលរបស់យើងផលិតអុកស៊ីសែននោះវានឹងជួយឱ្យខួរក្បាលយើងស្រស់ថ្លាជាងមុន។នៅក្នុងសំណួរសរសេរប្រសិនបើមានចំណុចដូចនិងចំណុចផ្ទុយ ប្អូនៗត្រូវរំលេចភាពដូចនិងភាពផ្ទុយឱ្យបានដាច់ស្រឡះពីគ្នាដើម្បីងាយស្រួលលោកគ្រូ អ្នកគ្រូកែក៏ដូចជាទទួលបានពិន្ទុល្អផងដែរ សម្រាប់សំណួរជាប្រភេទលំហាត់ប្អូនៗគួររៀបមើលប្លង់សរសេរឱ្យបានស្អាតនិងមានរបៀបនិងកុំគូរប្រអប់ហុមព័ទ្ធលើចម្លើយជាដាច់ខាត ចៀសវាងមានការសង្ស័យពីលោកគ្រូ អ្នកគ្រូក្នុងការបន្សល់សញ្ញាផ្សេងៗនៅលើក្រដាសប្រឡង។


កញ្ញា  សយ  ធានីរ៉ូហ្សា  ដែលជាវាគ្មិនទី៣ បានចែករំលែកនូវគន្លឹះសិក្សាចំនួនប្រាំដល់សិក្សានុសិស្ស។ទី១ ដាក់គោលដៅខ្លួនឱ្យបានច្បាស់លាស់ ទី២ការបន្ធូរអារម្មណ៍ដោយការស្តាប់ភ្លេងសុទ្ធពេលយើងមានអារម្មណ៍តានតឹងកំឡុងពេលរំលឹកមេរៀនឬធ្វើលំហាត់។ទី៣ហ្វឹកហាត់ធ្វើលំហាត់និងទន្ទេញមេរៀនជាប្រចាំ ទី៤ត្រូវស្គាល់ពីខ្លួនឯងថាយើងខ្សោយមុខវិជ្ជាមួយណា?តើមុខវិជ្ជាណាដែលគួរផ្តោតសំខាន់មុនគេ ហើយថាតើមុខវិជ្ជាណាដែលបានពិន្ទុច្រើនជាងគេ? ទី៥ប្អូនៗគួរលុបចោលនូវបណ្តាញសង្គមនានាដែលធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្រប្អូនមួយរយៈពេលសិន ដោយទុកតែបណ្តាញសង្គមដែលចាំបាច់ត្រូវទំនាក់ទំនងក្នុងន័យសិក្សាបានហើយ។

 

ជាកិច្ចចុងបញ្ចប់នៃអង្គពិធីក៏មានការសួរសំនួរចម្លើយពីសិក្សានុសិស្សទៅដល់វាគ្មិនទាំងបីរូបផងដែរ។ សិក្ខាសាលានេះបានបញ្ចប់ដោយរលូនក្រោមការសហការពីវាគ្មិន  ក្រុមការងារ  និងប្អូនៗសិក្សានុសិស្សផងដែរ។ យូវ៉ាឃេនស៊ី  សង្ឃឹមថាសិក្ខាសាលាមួយនេះអាចូលរួមចំណែកជាប្រយោជន៌ដល់ប្អូនៗដែលត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំនេះផងដែរ ។សម្រាប់វីឌីអូការបកស្រាយលម្អិតរបស់វាគ្មិនគឺមាននៅលើអេបវន្តសាលា និងតេលេក្រាមឆានេលរបស់ក្រុមហ៊ុនយូវ៉ាឃេនស៊ី។

https://apps.apple.com/kh/app/onesala/id1494428158

https://t.me/jobuvacancy

 

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information