កម្មវិធីជម្រុញអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាបង្កើនទុនវិនិយោគ ចាប់ផ្តើមបើកទទួលពាក្យពីម្ចាស់អាជីវកម្មហើយ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ
2502
News
General Knowledge
SprintX គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលផ្តោតលើការផ្តល់ការប្រឹក្សាលើការវិនិយោគដល់ធុរកិច្ចថ្មី
និងសហគ្រាសធុនតូចនិងមធ្យមផ្នែកបច្ចេកវិទ្យា និងផ្តល់ការបំប៉នបន្ថែមដើម្បីអោយធុរកិច្ចថ្មី
និងសហគ្រាសធុនតូចនិងមធ្យមផ្នែកបច្ចេកវិទ្យាត្រៀមខ្លួនរួចរាល់សម្រាប់ទទួលការវិនិយោគ។
កម្មវិធីនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Prestige Consulting ដើម្បីផ្តល់ការបណ្តុះបណ្តាល
និងការណែនាំសំខាន់ៗលើប្រធានបទដូចជា ការធ្វើពាណិជ្ជកម្មសម្រាប់ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ
យុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយភាពវៃឆ្លាត។
សម្រាប់អ្នកចូលរួមរបស់កម្មវិធីធុរកិច្ចថ្មី
SprintX ដែលឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអាចទទួលបានការប្រឹក្សាយោបល់ស្តីពីការវិនិយោគពី
ក្រុមហ៊ុន Prestige Consulting ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ និងជាអ្នកអនុវត្តកម្មវិធី
SprintX។ ការប្រឹក្សាយោបល់នេះរួមបញ្ចូល ការណែនាំអំពីការរៀបចំឯកសារហិរញ្ញវត្ថុ និងឯកសារផ្សេងទៀតសម្រាប់ផ្តល់ដល់អ្នកវិនិយោគ
ដំណើរការសវនកម្មអាជីវកម្ម ការចរចារលក្ខខណ្ឌវិនិយោគ និងឱកាសទំនាក់ទំនងជាមួយអ្នកវិនិយោគទាំងក្នុងស្រុក
និងអន្តរជាតិ។ ការជួយគាំទ្រនេះគឺ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតក្នុងចំណោមធុរកិច្ចថ្មី
និងសហគ្រិនជាច្រើនគឺបញ្ហាកង្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ។
ឯ.ឧ. បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ
បានមានប្រសាសន៍ថា "កម្មវិធីពន្លឿនអាជីវកម្ម SprintX គឺជាកម្មវិធីបែបថ្មីមួយនៅក្នុងប្រទេសកម្ពុជា
ដែលច្របាច់បញ្ចូលគ្នានូវការពន្លឿនអាជីវកម្មនិងការជំរុញលទ្ធភាពវិនិយោគ ដែលផ្តល់ឱកាសដល់ធុរកិច្ចថ្មីទទួលបានហិរញ្ញវត្ថុពីវិនិយោគិនឯកជនឬពីស្ថាប័នវិនិយោគនានា"។
លោកស្រី ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន
Prestige Consulting បានមានប្រសាសន៍ថា "សេវាកម្មប្រឹក្សាការវិនិយោគរបស់យើងសម្រាប់ធុរកិច្ចថ្មីក្នុងកម្មវិធី
SprintX ឆ្លុះបញ្ចាំងពីបេសកកម្មដ៏ធំ របស់យើងក្នុងការផ្សារភ្ជាប់គម្លាតនៃតម្រូវការវិនិយោគពីសហគ្រិននិងការផ្តល់វិនិយោគពីវិនិយោគិននានានៅក្នុងប្រទេសកម្ពុជា"
។
ក្រុមហ៊ុន Alibaba Cloud ដែលជាវេទិកាឌីជីថលឈានមុខគេសម្រាប់សេវាកម្ម
Cloud Service ក៏បានផ្តល់ការឧបត្ថម្ភដល់ SprintX ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងការចាប់យកនូវវិស័យបច្ចេកវិទ្យាថ្មីនេះ។
កម្មវិធីនេះចាប់ទទួលពាក្យពីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា
និងសហគ្រាសធុនតូចនិងមធ្យមដែលផ្អែកលើបច្ចេកវិទ្យា រហូតដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣
វេលាម៉ោង ១១:៥៩ យប់ តាមរយៈតំណភ្ជាប់ https://forms.gle/PiEvrs6CiQZYrnTe6 ។
Prestige Consulting គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានឯកទេសផ្តល់សេវាផ្នែកអាជីវកម្ម
(ការអភិវឌ្ឍន៍អាជីវកម្ម ការផ្តល់ប្រឹក្សាហិរញ្ញវត្ថុនិងការវិនិយោគ និងការធ្វើទីផ្សារឌីជីថល)
ឯកទេសគ្រប់គ្រងនិងអនុវត្តកម្មវិធី ឯកទេសបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាព និងឯកទេសអភិវឌ្ឍបច្ចេកវិទ្យា។
ធនាគារ ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ជាធនាគារពាណិជ្ជកម្មធំជាងគេក្នុងប្រទេសកម្ពុជា
ដោយផ្អែកលើទ្រព្យសម្បត្តិ ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញសុទ្ធ។ ធនាគារ
ABA ផ្តល់ជូននូវវិសាលភាពយ៉ាងធំទូលាយនៃសេវាកម្មទាំងមូលដល់អតិថិជនដែលគ្របដណ្តប់លើសហគ្រាសធុនតូច
និងមធ្យម អាជីវកម្មខ្នាតតូច និងឯក្តតជន តាមរយៈសាខាចំនួន ៨៥ និងទូរម៉ាស៊ីន ATM ចំនួន
៨៤៩ ។
Alibaba Cloud ដែលបានចុះបញ្ជី
និងមានទីស្នាក់ការធំនៅក្នុងប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន
Alibaba Group ដែលផ្តល់សេវាកម្ម Cloud Computing ដល់អាជីវកម្មអនឡាញនានា និងដល់ប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិក
Alibaba ផ្ទាល់ខ្លួន។